គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 19:14-25 Khmer Standard Version (KHSV)

14. ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។

15. ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។

16. អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។

17. អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។

18. ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។

19. មនុស្ស​កំរោល​ឃោរ‌ឃៅ​រមែង​ទទួល​ពិន័យ បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។

20. ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។

21. មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។

22. ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ​ប្រសើរ​ជាង​មនុស្ស​កុហក។

23. ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។

24. មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។

25. បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡក‌ឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។

សូមអានជំពូកពេញលេញ សុភាសិត 19