គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 14:4-20 Khmer Standard Version (KHSV)

4. អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។

5. សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។

6. មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។

7. ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។

8. ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។

9. មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែងតែ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

10. ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។

11. ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀង‌ត្រង់ នឹង​ចម្រុង‌ចម្រើន។

12. មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។

13. ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។

14. មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។

15. មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។

16. មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។

17. អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេស‌ផ្ដាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។

18. មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

19. មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។

20. អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។

សូមអានជំពូកពេញលេញ សុភាសិត 14