គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 11:8-22 Khmer Standard Version (KHSV)

8. ព្រះ‌ជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។

9. មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។

10. ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។

11. ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។

12. អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។

13. អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។

14. ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។

15. អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។

16. ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។

17. អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។

18. មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។

19. សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។

20. ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។

21. មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។

22. ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។

សូមអានជំពូកពេញលេញ សុភាសិត 11