ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 5 Khmer Standard Version (KHSV)

ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​នៅ​ពេល​អធិស្ឋាន

1. ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។

2. កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។

3. ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។

4. ពេល​ណា​អ្នក​បន់​ព្រះ‌ជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បន់​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ព្រះ‌អង្គ​មិន​អធ្យាស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។

5. បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។

6. កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​បូជា‌ចារ្យ*​ថា​អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ព្រះ‌អង្គ​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។

7. ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

ការ​ប្រើ​អំណាច​ជិះ‌ជាន់​អ្នក​ទន់​ខ្សោយ

8. ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។

9. ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។

ទ្រព្យ​សម្បត្តិ​ពុំ​អាច​ទុក​ឲ្យ​គង់​បាន​ទេ

10. អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។

11. ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។

12. អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។

13. ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។

14. អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។

15. អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។

16. ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។

17. មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។

18. ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: ក្នុង​ពេល​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​នៅ​មាន​ជីវិត​ដ៏​ខ្លី​នេះ គេ​ត្រូវ​តែ​ស៊ី​ផឹក ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ​នៅ​លើ​ផែនដី។ នេះ​ហើយ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។

19. អ្នក​ណា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​មាន​លទ្ធ‌ភាព​ប្រើ‌ប្រាស់​ទ្រព្យ‌ធន ដែល​ជា​ចំណែក​របស់​ខ្លួន ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​ធ្វើ អ្នក​នោះ​ត្រូវ​គិត​ថា នេះ​ហើយ​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។

20. ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។