ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្ដា 11 Khmer Standard Version (KHSV)

ត្រូវ​មាន​ចិត្ត​ទូលាយ

1. ចូរ​ចំណាយ​ធន‌ធាន ដើម្បី​ប្រកប‌របរ​រក​ស៊ី ដោយ​មិន​ខ្លាច​ខាត ដ្បិត​ថ្ងៃ​ក្រោយ អ្នក​នឹង​បាន​ទទួល​ផល​វិញ។

2. ចូរ​បំបែក​ទ្រព្យ​សម្បត្តិ​ជា​ប្រាំ‌ពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែនដី​នេះ​នៅ​ពេល​ណា​ឡើយ។

3. ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ​បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំ‌នៅ​នឹង​កន្លែង​ជា‌និច្ច។

4. អ្នក​ដែល​សម្លឹង​មើល​ខ្យល់ មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក ក៏​មិន​ច្រូត​កាត់​ដែរ។

5. បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។

6. ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។

7. ពន្លឺ​រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ឃើញ​ពន្លឺ​ព្រះ‌អាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។

8. ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អាយុ​វែង គាត់​ត្រូវ​តែ​សប្បាយ​រីក‌រាយ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៃ​អាយុ​ជីវិត​របស់​ខ្លួន គាត់​ក៏​ត្រូវ​នឹក​ចាំ​ថា ថ្ងៃ​ដែល​ងងឹត​អាប់‌អួ​មាន​ចំនួន​ច្រើន​ណាស់។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​សុទ្ធ​តែ​ឥត​បាន​ការ។

ពាក្យ​ទូន្មាន​យុវជន

9. យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

10. ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវ‌វ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិត‌ស្ថេរ​យូរ​ឡើយ។