គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8:4-18 Khmer Standard Version (KHSV)

4. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូ‌សាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។

5. នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាស‌ពេញ​ដែរ។

6. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

7. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។

8. យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

10. កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

11. ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

12. យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។

13. កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះ‌ពរ​ឲ្យ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!

14. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

15. ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង‌ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

16. ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។

17. កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

សូមអានជំពូកពេញលេញ សាការី 8