គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 3:7-15 Khmer Standard Version (KHSV)

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។

8. រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។

9. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។

10. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សម្គាល់​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​ពិត​ជា​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ហេវី ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​គើរ‌កា‌ស៊ី ជន‌ជាតិ​អាម៉ូរី និង​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន

11. គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។

12. ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ។

13. ពេល​ណា​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។

14. នៅ​គ្រា​ដែល​ប្រជា‌ជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។

15. ពេល​នោះ ជា​រដូវ​ចម្រូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង

សូមអានជំពូកពេញលេញ យ៉ូស្វេ 3