គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 23:10-16 Khmer Standard Version (KHSV)

10. មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។

11. ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

12. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ ទៅ​ជំពាក់​ចិត្ត​នឹង​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​រៀប‌ការ​ជា​មួយ​ពួក​គេ ព្រម​ទាំង​ពាក់‌ព័ន្ធ​ជា​មួយ​ពួក​គេ

13. ចូរ​ចង​ចាំ​ឲ្យ​ច្បាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លែង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ហើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​អង្គប់ ហើយ​ប្រៀប​ដូច​ជា​រំពាត់​ខ្សែ‌តី​វាយ​លើ​ខ្នង ឬ​ជា​បន្លា នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ។

14. «ចំណែក​ខ្ញុំ​វិញ ពេល​នេះ​ខ្ញុំ​ជិត​លា​ចាក​លោក​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្គាល់ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា​នោះ នឹង​សម្រេច​ចំពោះ​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ទាំង​អស់ ឥត​ខ្វះ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

15. ព្រះ‌បន្ទូល​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សន្យា សុទ្ធ​តែ​បាន​សម្រេច​សព្វ​គ្រប់​យ៉ាង​ណា ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ។

16. ប្រសិន​បើ​អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ នោះ​ព្រះ‌អម្ចាស់​នឹង​ពិរោធ​ចំពោះ​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សូន្យ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 23