គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 23:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ និង​មាន​សុខ​សន្តិ‌ភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា

2. លោក​បាន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​ទាំង​ក្រុម​ព្រឹទ្ធា‌ចារ្យ ទាំង​ក្រុម​អ្នក​ដឹក​នាំ ទាំង​ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម មក​ផ្ដែ‌ផ្ដាំ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ

3. អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជាតិ​ទាំង​នោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រយុទ្ធ ដើម្បី​អ្នក​រាល់​គ្នា។

4. មើល៍! ខ្ញុំ​ចែក​ទឹក​ដី​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​រៀងៗ​ខ្លួន ដោយ​ចាប់​ឆ្នោត គឺ​ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា​ដែល​ខ្ញុំ​ពុំ​ទាន់​វាយ​យក​បាន ទាំង​ទឹក​ដី​របស់​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ខ្ញុំ​ដណ្ដើម​យក​បាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នៅ​ទិស​ខាង​កើត រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ​នៅ​ខាង​លិច។

5. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​បណ្ដេញ​ពួក​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា ហើយ​យក​ទឹក​ដី​របស់​ពួក​គេ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​កាប់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា»។

6. ចូរ​មាន​កម្លាំង​ខ្លាំង‌ក្លា​ឡើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដោយ​មិន​ប្រាស​ចាក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 23