គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 6:16-30 Khmer Standard Version (KHSV)

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើមដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អរួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា:“យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។

17. យើង​បាន​ដាក់​អ្នក​យាម‌ល្បាតសម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នាចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ!តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”

18. ហេតុ​នេះ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់!ចូរ​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​មួយកើត​ឡើង​ចំពោះ​ប្រជា‌រាស្ត្រ​នេះ។

19. ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​នេះ​រង​ទុក្ខ​វេទនាដែល​ជា​លទ្ធ‌ផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេដ្បិត​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់ស្ដាប់​ពាក្យ​របស់​យើង​ទេពួក​គេ​ក៏​មើល‌ងាយ​ក្រឹត្យ‌វិន័យ​របស់​យើង​ដែរ។

20. តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពីស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយមក​ថ្វាយ​យើង​ឬ?យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់អ្នក​រាល់​គ្នា​ទេហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជារបស់​អ្នក​រាល់​គ្នា​ដែរ»។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«ហេតុ​នេះ យើង​នឹង​ដាក់​ថ្មធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួលហើយ​វិនាស​ទាំង​ឪពុក ទាំង​កូនទាំង​ញាតិ‌សន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:«មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើងប្រជា‌ជាតិ​មួយ​ដែល​ជា​មហា​អំណាចចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី

23. ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើងពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេសន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រពួក​គេ​ជិះ​សេះ​មកហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ពដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»

24. «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះយើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុតនិង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សម្រាល​កូន។

25. កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ!ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។

26. ប្រជា‌ជន​របស់​យើង​អើយចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះរួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខកូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ!ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នាពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!

27. «យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នកឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើងដូច​ជាង​សាក​ល្បង‌លោហ‌ធាតុគឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើលមាគ៌ា​របស់​ពួក​គេ»។

28. «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែបដែល​ពុំ​អាច​ពត់​បាន​ឡើយគឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!

29. ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅអាច​បន្សុទ្ធ​លោហ‌ធាតុ​បានរីឯ​ប្រជា‌ជន​នេះ​វិញគ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។

30. គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ”ដ្បិត​ព្រះ‌អម្ចាស់​មិន​ទទួល​ពួក​គេ​ទេ!»។

សូមអានជំពូកពេញលេញ យេរេមា 6