គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37:14-21 Khmer Standard Version (KHSV)

14. លោក​យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារី‌យ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​លោក​ទេ គាត់​ចាប់​លោក​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។

15. ពួក​មន្ត្រី​ខឹង​នឹង​លោក​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​លោក ហើយ​ឃុំ​លោក​ក្នុង​ទី​ឃុំ‌ឃាំង​នៅ​ផ្ទះ​លោក​យ៉ូណា‌ថាន ជា​ស្មៀន​ហ្លួង ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំ‌ឃាំង។

16. នៅ​ទី​បញ្ចប់ គេ​ឃុំ​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង​ក្រោម​ដី ដែល​គេ​ប្រើ​ជា​គុក​ងងឹត ហើយ​លោក​ជាប់​នៅ​ទី​នោះ​យ៉ាង​យូរ។

17. ព្រះ‌បាទ​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ណា​មួយ​ពី​ព្រះ‌អម្ចាស់​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះ‌ករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។

18. លោក​យេរេមា​ទូល​ព្រះ‌បាទ​សេដេ‌គា​ទៀត​ថា៖ «តើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា ឬ​ខុស​ចំពោះ​ពួក​នាម៉ឺន និង​ប្រជា‌ជន​នេះ បាន​ជា​គេ​យក​ទូលបង្គំ​មក​ឃុំ‌ឃាំង​ដូច្នេះ?

19. តើ​ពួក​ព្យាការី​ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌ករុណា និង​ប្រជា‌ជន​ថា “ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​មិន​មក​ប្រហារ​អ្នក​រាល់​គ្នា ឬ​ឈ្លាន‌ពាន​ស្រុក​នេះ” ទៅ​ណា​បាត់​អស់​ហើយ?

20. បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​អង្វរ​ករ​របស់​ទូលបង្គំ​សិន សូម​កុំ​ឲ្យ​ទូលបង្គំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ទូលបង្គំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។

21. ព្រះ‌បាទ​សេដេ‌គា​ក៏​បញ្ជា​ឲ្យ​គេ​ឃុំ​លោក​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​ឲ្យ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​លោក​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ លោក​យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។

សូមអានជំពូកពេញលេញ យេរេមា 37