13. ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។
14. លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។
15. ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
16. នៅទីបញ្ចប់ គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
17. ព្រះបាទសេដេគាចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។
18. លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ?
19. តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ?
20. បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់មេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំឲ្យទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។
21. ព្រះបាទសេដេគាក៏បញ្ជាឲ្យគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។