10. ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកម្ទេចក្រុងនេះបានដែរ”»។
11. កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន
12. លោកយេរេមា មានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។
13. ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។
14. លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។
15. ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
16. នៅទីបញ្ចប់ គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
17. ព្រះបាទសេដេគាចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។