គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 37:1-10 Khmer Standard Version (KHSV)

1. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ព្រះ‌បាទ​សេដេ‌គា បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូ‌នា ជា​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម។

2. នៅ​គ្រា​នោះ ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គ្មាន​នរណា​ម្នាក់​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ឡើយ។

3. ព្រះ‌បាទ​សេដេ‌គា​ចាត់​លោក​យេហ៊ូ‌កាល ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​ទៅ​ជួប​ព្យាការី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​ផង»។

4. គ្រា​នោះ លោក​យេរេមា​មាន​សេរី‌ភាព​រស់​នៅ​ជា​មួយ​ប្រជា‌ជន​នៅ​ឡើយ គឺ​គេ​ពុំ​ទាន់​ឃុំ‌ឃាំង​លោក​ទេ។

5. កង‌ទ័ព​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​ឮ​ដំណឹង​ថា កង‌ទ័ព​របស់​ព្រះចៅ​ផារ៉ោន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូ‌សាឡឹម។

6. ពេល​នោះ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ដូច​ត​ទៅ៖

7. «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​ទៅ​ប្រាប់​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​យើង​ថា “កង‌ទ័ព​ស្ដេច​ផារ៉ោន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប

8. ហើយ​ជន‌ជាតិ​ខាល់ដេ​នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កម្ទេច​ចោល​ទៀត​ផង”។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។

10. ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កម្ទេច​ក្រុង​នេះ​បាន​ដែរ”»។

សូមអានជំពូកពេញលេញ យេរេមា 37