11. ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។
12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
13. «យើងជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា:
14. “ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព”។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។
15. រីឯអ្នករាល់គ្នាវិញ នៅពេលថ្មីៗនេះ អ្នករាល់គ្នាបានកែប្រែចិត្តគំនិត ដោយប្រព្រឹត្តអំពើសុចរិតដែលយើងពេញចិត្ត គឺម្នាក់ៗបានប្រកាសថា នឹងប្រគល់សេរីភាពឲ្យបងប្អូនរបស់ខ្លួន ហើយអ្នករាល់គ្នាបានចុះកិច្ចសន្យា នៅចំពោះមុខយើង និងនៅក្នុងដំណាក់របស់យើងផ្ទាល់។
16. ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។
17. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។