គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 34:10-16 Khmer Standard Version (KHSV)

10. មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ចូល​រួម​ចុះ​កិច្ច​សន្យា​នោះ​នាំ​គ្នា​អនុវត្ត​តាម ហើយ​ដោះ​លែង​ទាសា‌ទាសី​របស់​ខ្លួន គឺ​ម្នាក់ៗ​អនុវត្ត​តាម​កិច្ច​សន្យា ដោយ​បើក​ឲ្យ​ទាសករ​ទាំង​នោះ​មាន​សេរី‌ភាព។

11. ប៉ុន្តែ ក្រោយ​មក ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសា‌ទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

13. «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា:

14. “ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន‌ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​ឲ្យ​មាន​សេរី‌ភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។

15. រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរី‌ភាព​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។

16. ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​ដូរ​គំនិត ហើយ​ប្រមាថ​នាម​របស់​យើង ដោយ​ចាប់​ទាសា‌ទាសី​ដែល​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម»។

សូមអានជំពូកពេញលេញ យេរេមា 34