គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 30:1-10 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​ប្រាប់​អ្នក។

3. នៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អ៊ីស្រា‌អែល និង​យូដា​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ដូច​ត​ទៅ:

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​ឮ​សម្រែក​ភ័យ​ខ្លាចចលាចល​កើត​មាន​នៅ​ក្នុង​ស្រុកគឺ​មិន​មែន​សន្តិ‌ភាព​ទេ!

6. ចូរ​ស៊ើប‌សួរ ហើយ​ពិនិត្យ​មើល​ចុះតើ​ប្រុសៗ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ឬ​ទេ?ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រុសៗ​ទាំង​អស់យក​ដៃ​ឱប​ពោះ​របស់​ខ្លួនដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ផ្ទៃ​មុខ​របស់​ពួក​គេ​ស្លេក‌ស្លាំង?

7. វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនាដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយគឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកុបត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។

8. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ដែល​ស្ថិត​នៅលើ​ស្មា​របស់​ពួក​គេយើង​នឹង​ផ្ដាច់​ចំណង​ចេញ​ពី​ពួក​គេជន​បរទេស​នឹង​លែង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើទៀត​ហើយ។

9. ពួក​គេ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ពួក​គេហើយ​គោរព​បម្រើ​ពូជ‌ពង្ស​របស់​ដាវីឌដែល​យើង​នឹង​តែង‌តាំង​ឲ្យគ្រង​រាជ្យ​លើ​ពួក​គេ។

10. កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​វិល​ត្រឡប់មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញយើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នាពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញគេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្តគ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 30