គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 25:21-38 Khmer Standard Version (KHSV)

21. ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។

22. ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំង‌ឡាយ​នៅ​តាម​កោះ ដែល​នៅ​ខាង​នាយ​សមុទ្រ។

23. ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។

24. ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។

25. ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី

26. ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។

27. «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”

28. ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក!

29. ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់‌អោន​ឲ្យ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល”។

30. រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “ព្រះ‌អម្ចាស់​គំរាម​ពី​លើ​មេឃ​មកព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធព្រះ‌អង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះ‌អង្គព្រះ‌អង្គ​ស្រែក​ដាក់​ទោសប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូលដូច​គេ​ស្រែក​ហ៊ោនៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។

31. ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​លាន់​ឮរហូត​ដល់​ចុង​ផែនដីដ្បិត​ព្រះ‌អម្ចាស់​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ប្រជា‌ជាតិ​ទាំង​អស់ព្រះ‌អង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ព្រះ‌អង្គ​ប្រគល់​មនុស្ស​មាន​ទោសទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

32. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជា‌ជាតិ​មួយទៅ​ប្រជា‌ជាតិ​មួយ​ទៀត។ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពីទី​ដាច់​ស្រយាល​នៃ​ផែនដី។

33. នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។

34. ពួក​គង្វាល​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ!អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយចូរ​ននៀល​នៅ​លើ​ដីដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នាមក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាននឹង​ថូ​ដ៏​មាន​តម្លៃ​ដែល​ធ្លាក់​បែក។

35. គ្មាន​ជម្រក​សម្រាប់​ពួក​គង្វាល​ទៀត​ទេ!គ្មាន​កន្លែង​ពួន សម្រាប់​អ្នក​ដឹក​នាំហ្វូង​ចៀម​ទៀត​ឡើយ!

36. សំឡេង​យំ​សោក​របស់​ពួក​គង្វាលនិង​សម្រែក​របស់​អ្នក​ដឹក​នាំ​ហ្វូង​ចៀមបាន​លាន់​ឮ​ឡើងដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​វាល​ស្មៅ​របស់​ពួក​គេ។

37. ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​ក្រោល​ដែល​ធ្លាប់​តែ​សុខ‌សាន្តក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។

38. ព្រះ‌អង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះ‌អង្គដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វាដ្បិត​ព្រះ‌អម្ចាស់​បាន​កម្ទេច​ស្រុក​នេះឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​ព្រះ‌ពិរោធដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ឥត​ត្រា​ប្រណី​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 25