គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 18:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

2. «ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ឲ្យ​ដឹង»។

3. ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។

4. ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត ដែល​គាប់​ចិត្ត​គាត់។

5. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

6. «កូន​ចៅ​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។

7. ជួន​កាល យើង​សម្រេច​ថា រំលើង និង​រំលំ​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឲ្យ​វិនាស។

8. ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះ‌បង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​យើង​ទេ។

9. ជួន​កាល​យើង​សម្រេច​ថា កសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។

10. ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ តាម​ការ​សម្រេច​របស់​យើង។

11. ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។

12. ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គម្រោង‌ការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។

សូមអានជំពូកពេញលេញ យេរេមា 18