22. កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ
23. តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។
24. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ
25. ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
26. ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកបេនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូប មកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ។