គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:21-27 Khmer Standard Version (KHSV)

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ដែរ។

22. កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ

23. តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ

25. ស្ដេច​ទាំង‌ឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជា‌ជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ហែ‌ហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​មុខ​ទៀត។

26. ប្រជា‌ជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូ‌សាឡឹម ស្រុក​បេន‌យ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

27. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កម្ទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។

សូមអានជំពូកពេញលេញ យេរេមា 17