គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:14-27 Khmer Standard Version (KHSV)

14. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជានោះ​ទូលបង្គំ​នឹង​បាន​ជាសូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិតដ្បិត​ព្រះ‌អង្គ​តែង​ប្រោស​ប្រទាន​ឲ្យទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ!

15. ពួក​គេ​ពោល​មក​ទូលបង្គំ​ថា:“តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ឯ​ណាចូរ​ឲ្យ​ព្រះ‌បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”

16. ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូមព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថាទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះកើត​មាន​ចំពោះ​ពួក​គេ​ឡើយ។ព្រះ‌អង្គ​ជ្រាប​នូវ​ពាក្យ​សម្ដីរបស់​ទូលបង្គំ​ច្បាស់​ណាស់។

17. សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយដ្បិត​ព្រះ‌អង្គ​ជា​ជម្រក​របស់​ទូលបង្គំនៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។

18. សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំត្រូវ​អាម៉ាស់តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់តែ​កុំ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់​ឡើយ!សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេសូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជា‌ជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។

20. ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះ‌មហា‌ក្សត្រ និង​ប្រជា‌ជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ដែរ។

22. កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ

23. តែ​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ

25. ស្ដេច​ទាំង‌ឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជា‌ជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ហែ‌ហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​មុខ​ទៀត។

26. ប្រជា‌ជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូ‌សាឡឹម ស្រុក​បេន‌យ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប មក​ថ្វាយ ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

27. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​កម្ទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។

សូមអានជំពូកពេញលេញ យេរេមា 17