12. ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿងតាំងពីដើមដំបូងរៀងមក។
13. ឱព្រះអម្ចាស់អើយព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!អស់អ្នកដែលបោះបង់ចោលព្រះអង្គនឹងត្រូវអាម៉ាស់អស់អ្នកដែលងាកចេញពីព្រះអង្គនឹងត្រូវវិនាសទៅជាធូលីដីដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់ដែលជាប្រភពទឹកផ្ដល់ជីវិត។
14. ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជានោះទូលបង្គំនឹងបានជាសូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិតដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យទូលបង្គំសរសើរតម្កើងព្រះអង្គ!
15. ពួកគេពោលមកទូលបង្គំថា:“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណាចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!”
16. ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូមព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះកើតមានចំពោះពួកគេឡើយ។ព្រះអង្គជ្រាបនូវពាក្យសម្ដីរបស់ទូលបង្គំច្បាស់ណាស់។
17. សូមកុំបំភ័យទូលបង្គំឡើយដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំនៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។
18. សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំត្រូវអាម៉ាស់តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!សូមឲ្យពួកគេញ័ររន្ធត់តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ!សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេសូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
19. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។
20. ចូរប្រកាសប្រាប់ពួកគេថា: “ព្រះមហាក្សត្រ និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទ*ឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។
22. កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ
23. តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។
24. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ
25. ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
26. ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកបេនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូប មកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ។
27. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។