គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:1-10 Khmer Standard Version (KHSV)

1. «អំពើ​បាប​របស់​ជន‌ជាតិ​យូដាមាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹកលើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រនៅ​ខាង​ចុង។អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេនិង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។

2. ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញអាសនៈ​របស់​ពួក​គេព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ានៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចីដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។

3. ជន‌ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្តគោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​ភ្នំ​របស់​យើងយើង​នឹង​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស​យកទ្រព្យ​សម្បត្តិ និង​ធន‌ធាន​ទាំង​ប៉ុន្មាន​របស់​អ្នកពួក​គេ​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នកដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាបនៅ​ពាស‌ពេញ​លើ​ទឹក​ដី​នេះ។

4. អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែកឲ្យ​អ្នក ទៅ​សាសន៍​ដទៃ។យើង​នឹង​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទាសកររបស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើងហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថាជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្សហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!

6. គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិននៅ​តាម​ព្រៃ​ល្បោះគេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែងក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះនិង​គ្មាន​មនុស្ស​នៅ។

7. រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់និង​យក​ព្រះ‌អង្គ​ធ្វើ​ជា​បង្អែកពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន!

8. អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើដុះ​នៅ​ក្បែរ​ផ្លូវ​ទឹកដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរវា​មិន​ខ្លាច​កម្ដៅហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជា‌និច្ច។នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេគឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។

9. ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរមិន​អាច​កែ​តម្រង់​បាន​ឡើយហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្សយើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗតាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមអានជំពូកពេញលេញ យេរេមា 17