គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 14:7-18 Khmer Standard Version (KHSV)

7. ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផងដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ!យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌អង្គ​ជា​ច្រើន​ដងយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

8. ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំនៅ​ពេល​មាន​អាសន្ន។ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ​នៅ​ព្រងើយហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មកស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?

9. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ហាក់​ដូច​ជាមនុស្ស​គ្មាន​កម្លាំង​កំហែងឬ​ដូច​វីរ‌បុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះអ្នក​ដទៃ​ទៀត​ដូច្នេះ?ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គង់​នៅកណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយយើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះ‌អង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី!

12. ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។

13. ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ពួក​ព្យាការី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ដ៏​ពេញ‌លេញ ក្នុង​ស្រុក​នេះ”»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែង‌ក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។

15. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌អម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។

16. រីឯ​ប្រជា‌ជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាក‌សព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

17. ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា:“ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃឥត​ស្រាក‌ស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារីគឺ​ក្រុង​នៃ​ប្រជា‌ជន​របស់​យើងត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។

18. ពេល​ចេញ​ទៅ​ស្រុក​ស្រែយើង​ឃើញ​សុទ្ធ​តែ​សាក‌សពដែល​ស្លាប់​ដោយ​មុខ​ដាវពេល​ចូល​ក្នុង​ទីក្រុងយើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ព្យាការី និង​បូជា‌ចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុកតែ​ពុំ​យល់​អ្វី​ឡើយ”»។

សូមអានជំពូកពេញលេញ យេរេមា 14