គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39:30-43 Khmer Standard Version (KHSV)

30. គេ​បាន​ធ្វើ​គ្រឿង​អលង្ការ​ពី​មាស​សុទ្ធ មាន​រាង​ដូច​ផ្កា គឺ​ក្បាំង​សក្ការៈ ហើយ​គេ​ឆ្លាក់​អក្សរ​នៅ​លើ​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បូជា​ថ្វាយ​ព្រះ‌អម្ចាស់»។

31. គេ​ភ្ជាប់​គ្រឿង​អលង្ការ​នោះ​ទៅ​ផ្នែក​ខាង​លើ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

32. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​សង់​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

33. គេ​នាំ​យក​ព្រះ‌ពន្លា​មក​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ពន្លា មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ

34. ស្បែក​ពពែ​ឈ្មោល​លាប​ពណ៌​ក្រហម និង​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ក្រណាត់​ពន្លា និង​វាំងនន​ជា​រនាំង​របស់​ទី‌សក្ការៈ

35. ហិប​នៃ​សន្ធិ‌សញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គម្រប​របស់​ហិប​នោះ។

36. តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំប៉័ង​សម្រាប់​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់។

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ

38. អាសនៈ​មាស ប្រេង សម្រាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប និង​រនាំង​ទ្វារ​ពន្លា។

39. អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង

40. រនាំង​របស់​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំងនន​របស់​ទ្វារ​ចូល​ទី‌លាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់

41. សម្លៀក‌បំពាក់​ពិធី​បុណ្យ​ដែល​សម្រាប់​ប្រើ​ក្នុង​ទី‌សក្ការៈ សម្លៀក‌បំពាក់​សក្ការៈ​របស់​មហា​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

42. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

43. ម៉ូសេ​បាន​ត្រួត​ពិនិត្យ​មើល​ការ‌ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​មែន លោក​ក៏​ឲ្យ​ពរ​ពួក​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 39