គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 38:19-28 Khmer Standard Version (KHSV)

19. បង្គោល​ទាំង​បួន​របស់​វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។

20. ចម្រឹង​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

21. ពួក​លេវី​បាន​កត់‌ត្រា​ទុក តាម​បញ្ជា​របស់​លោក​ម៉ូសេ នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ‌ប្រាស់​ក្នុង​ការ​សង់​ព្រះ‌ពន្លា គឺ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែ‌នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

22. លោក​បេតសា‌លាល​ដែល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​លោក​ហ៊ើរ នៃ​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

23. លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ នៃ​កុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោក​ដែរ គឺ​លោក​អូហូ‌លីអាប់​ជា​ជាង​ចម្លាក់ ជា​វិចិត្រ‌ករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។

24. មាស​ដែល​ជា​តង្វាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សម្រាប់​ប្រើ​ក្នុង​ការ​សង់​ទី‌សក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១ ០០២ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

25. រីឯ​ប្រាក់​ទទួល​ពី​អស់​អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣ ៤៤៧ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

26. ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

27. គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧ គីឡូ​ក្រាម សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះ‌ពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គីឡូ​ក្រាម។

28. រីឯ​សាច់​ប្រាក់ ២០ គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេ‌រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។

សូមអានជំពូកពេញលេញ និក្ខមនំ 38