គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 36:12-27 Khmer Standard Version (KHSV)

12. គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។

13. គេ​ធ្វើ​ទំពក់​មាស​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ‌ពន្លា។

14. គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។

15. ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាម‌សិប​ហត្ថ ទទឹង​បួន​ហត្ថ។

16. គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។

17. គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។

18. គេ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​ឲ្យ​ទៅ​ជា​មួយ​ផ្ទាំង។

19. គេ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។

20. គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ​ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ

21. ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

22. នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។

23. គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។

24. គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

25. នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ

26. និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។

27. នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។

សូមអានជំពូកពេញលេញ និក្ខមនំ 36