គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:3-17 Khmer Standard Version (KHSV)

3. ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិល‌វល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោ‌ស្ថាន​ឡើយ។

4. យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរី‌រុងរឿង ដោយ​វាយ​កម្ទេច​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

5. មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។

6. ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។

7. ស្ដេច​បាន​យក​រទេះ​ចំបាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។

8. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះ‌ហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។

9. កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។

10. កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។

11. ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។

12. កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។

13. លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។

14. ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។

16. ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។

17. រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កម្ទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច។

សូមអានជំពូកពេញលេញ និក្ខមនំ 14