គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:22-31 Khmer Standard Version (KHSV)

22. ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

23. កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។

24. លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។

25. ព្រះ‌អង្គ​ធ្វើ​ឲ្យ​រទេះ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឲ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន‌ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។

27. លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។

28. ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

29. ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។

30. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។

31. ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ពួក​គេ​ជឿ​លើ​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ និក្ខមនំ 14