គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:4-20 Khmer Standard Version (KHSV)

4. បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស‌រើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។

5. ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។

6. អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។

7. ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។

8. នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។

9. មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។

10. មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។

11. នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់”។

12. នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។

13. ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។

14. អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំឭក​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

15. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំប៉័ង​ចេញ​ឲ្យ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំប៉័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

16. នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្ដុំ​គ្នា​ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ*។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សម្រាប់​បរិភោគ​ប៉ុណ្ណោះ។

17. អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

18. នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំប៉័ង​ឥត​មេ។

19. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។

20. ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំប៉័ង​ឥត​មេ​ប៉ុណ្ណោះ»។

សូមអានជំពូកពេញលេញ និក្ខមនំ 12