គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:30-37 Khmer Standard Version (KHSV)

30. នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។

31. ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើ​ព្រះ‌អម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ!

32. ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។

33. ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។

34. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។

35. ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។

36. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។

37. ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។

សូមអានជំពូកពេញលេញ និក្ខមនំ 12