គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12:17-30 Khmer Standard Version (KHSV)

17. អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

18. នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំប៉័ង​ឥត​មេ។

19. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។

20. ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំប៉័ង​ឥត​មេ​ប៉ុណ្ណោះ»។

21. លោក​ម៉ូសេ​បាន​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សម្រាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។

22. ចូរ​យក​មែក​ហ៊ីសុប*​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។

23. ពេល​ព្រះ‌អម្ចាស់​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះ‌អង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។

24. អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។

25. នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។

26. បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច

27. ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះ‌អង្គ​ប្រហារ​ជន‌ជាតិ​អេស៊ីប តែ​ព្រះ‌អង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

28. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

29. នៅ​កណ្ដាល​អធ្រាត្រ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។

30. នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។

សូមអានជំពូកពេញលេញ និក្ខមនំ 12