1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅស្រុកអេស៊ីបថា៖
2. «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។
3. ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ
4. បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។
5. ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។
6. អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារ-កសត្វនោះក្រោយថ្ងៃលិច។
7. ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
8. នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប៉័ងឥតមេ និងបន្លែល្វីង។
9. មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។
10. មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
11. នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់”។
12. នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។