គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 10:7-16 Khmer Standard Version (KHSV)

7. ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។

8. ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន‌ជាតិ​ទាំង​ពីរ​បាន​សង្កត់‌សង្កិន និង​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។

9. រីឯ​ជន‌ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

10. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បម្រើ​ព្រះ​បាល»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន

12. ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី?

13. ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បម្រើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។

14. ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ឲ្យ​ជួយ​ទៅ! ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។

15. ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។

16. ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ចៅហ្វាយ 10