គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 1:7-18 Khmer Standard Version (KHSV)

7. ស្ដេច​អាដូនី-‌បេសេក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិត‌សិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-‌បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

8. កុល‌សម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជា‌ជន រួច​ដុត​ក្រុង​នោះ​ចោល។

9. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

10. កុល‌សម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌អើបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល់‌ម៉ាយ​ដែរ។

11. ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជា‌ជន​នៅ​ក្រុង​ដេបៀរ(ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌សេភើរ)។

12. គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គារយ៉ាត់-‌សេភើរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់‌សា​ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

13. ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

14. ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

15. នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​ឲ្យ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​ឲ្យ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម ឲ្យ​នាង។

16. ជន‌ជាតិ​កែន ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នៅ​ស្រុក​នោះ។

17. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោម៉ា។

18. កុល‌សម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាសកា‌ឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 1