គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 1:13-29 Khmer Standard Version (KHSV)

13. ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

14. ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

15. នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​ឲ្យ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​ឲ្យ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម ឲ្យ​នាង។

16. ជន‌ជាតិ​កែន ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នៅ​ស្រុក​នោះ។

17. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោម៉ា។

18. កុល‌សម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាសកា‌ឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

19. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។

20. ពួក​គេ​បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្ដេញ​អំបូរ​អណាក់​ទាំង​បី រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។

21. រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​វិញ គេ​មិន​បាន​បណ្ដេញ​ជន‌ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។ ដូច្នេះ ជន‌ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។

22. ចំណែក​ឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​វិញ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេត‌អែល​ដែរ ហើយ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។

23. ដំបូង គេ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។

24. ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទីក្រុង អ្នក​ស៊ើប‌ការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។

25. បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ចូល​ទៅ​ទីក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​ឲ្យ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។

26. បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។

27. រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។

28. ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន‌ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

29. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ចៅហ្វាយ 1