គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 1:1-13 Khmer Standard Version (KHSV)

1. ក្រោយ​ពេល​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។

3. កុល‌សម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បង‌ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង‌ប្អូន រួម​ជា​មួយ​បង‌ប្អូន​ដែរ»។ ដូច្នេះ កុល‌សម្ព័ន្ធ​ស៊ីម្មាន​ក៏​រួប‌រួម​នឹង

4. កុល‌សម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះ‌អម្ចាស់​ក៏​ប្រទាន​ឲ្យ​គេ​មាន​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ​ម៉ឺន​នាក់ នៅ​បេសេក។

5. នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-‌បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត។

6. ស្ដេច​អាដូនី-‌បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ទៀត​ផង។

7. ស្ដេច​អាដូនី-‌បេសេក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិត‌សិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-‌បេសេក​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

8. កុល‌សម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជា‌ជន រួច​ដុត​ក្រុង​នោះ​ចោល។

9. បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។

10. កុល‌សម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌អើបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល់‌ម៉ាយ​ដែរ។

11. ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជា‌ជន​នៅ​ក្រុង​ដេបៀរ(ពី​ដើម​ហៅ​ថា​គារយ៉ាត់-‌សេភើរ)។

12. គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គារយ៉ាត់-‌សេភើរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់‌សា​ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

13. ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់។

សូមអានជំពូកពេញលេញ ចៅហ្វាយ 1