គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 2:6-15 Khmer Christian Bible (KCB)

6. ហើយ​យើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ ទោះបី​ពី​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​ដទៃ​ក្ដី។​

7. យើង​អាច​អាង​សិទ្ធិ​អំណាច​ដែល​ជា​សាវក​របស់‍​ព្រះគ្រិស្ដ​ក៏​បាន​ដែរ​ ប៉ុន្ដែ​យើង​ប្រព្រឹត្ដ​ស្លូតបូត​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។​

8. យើង​ស្រឡាញ់​អ្នក​រាល់គ្នា​ខ្លាំង​ណាស់​ បាន​ជា​យើង​មិន​ត្រឹម​តែ​ពេញ​ចិត្ដ​ប្រគល់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង​ ព្រោះ​អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង។​

9. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ពិត​ជា​នៅ​ចាំ​អំពី​ការ​លំបាក​ និង​ការ​នឿយ​ហត់​របស់​យើង​មិន​ខាន​ គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​ យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ។​

10. អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​

11. អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន​

12. គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​

13. យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​

14. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នក​រាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី‍​ជន​រួម​ជាតិ​របស់​ខ្លួន​ដូច​ដែល​ក្រុមជំនុំ​ទាំង​នោះ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​

15. ពួកគេ​បាន​សម្លាប់​ព្រះអម្ចាស់​យេស៊ូ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​បៀតបៀន​យើង​ទៀត​ផង។​ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ទេ​ ហើយ​ទាស់​នឹង​មនុស្ស​ទាំង​អស់​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 2