ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 2 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ការ​ដែល​យើង​មក​ឯ​អ្នក​រាល់គ្នា​នេះ​ មិន​មែន​ឥត​ប្រយោជន៍​ទេ​

2. គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ក្រោយ​ពេល​ដែល​យើង​រងទុក្ខ​លំបាក​ និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីព​រួច​មក​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ដើម្បី​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះអង្គ​ ទោះបី​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ‍។​

3. ដ្បិត​សេចក្ដី​ទូន្មាន​របស់​យើង​មិន​មែន​មក​ពី​សេចក្ដី​បោកប្រាស់​ សេចក្ដី​ស្មោកគ្រោក​ ឬ​ល្បិចកល​ឡើយ​

4. ផ្ទុយ​ទៅ​វិញ​ ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ផ្ទុក​ផ្ដាក់​ដំណឹង​ល្អ​ឲ្យ​យើង​ប្រកាស​យ៉ាង​ណា​ យើង​ក៏​ប្រកាស​យ៉ាង​នោះ​ គឺ​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ​ គឺ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ដែល​ពិសោធ​ចិត្ដ​របស់​យើង‍​សព្វ​ព្រះហឫទ័យ​វិញ។​

5. អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ ឬ​មាន​ពុត​ដោយ​ព្រោះ​សេចក្ដី​លោភលន់​ឡើយ​ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​

6. ហើយ​យើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ ទោះបី​ពី​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​ដទៃ​ក្ដី។​

7. យើង​អាច​អាង​សិទ្ធិ​អំណាច​ដែល​ជា​សាវក​របស់‍​ព្រះគ្រិស្ដ​ក៏​បាន​ដែរ​ ប៉ុន្ដែ​យើង​ប្រព្រឹត្ដ​ស្លូតបូត​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។​

8. យើង​ស្រឡាញ់​អ្នក​រាល់គ្នា​ខ្លាំង​ណាស់​ បាន​ជា​យើង​មិន​ត្រឹម​តែ​ពេញ​ចិត្ដ​ប្រគល់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង​ ព្រោះ​អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង។​

9. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ពិត​ជា​នៅ​ចាំ​អំពី​ការ​លំបាក​ និង​ការ​នឿយ​ហត់​របស់​យើង​មិន​ខាន​ គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​ យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ។​

10. អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​

11. អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​ដូច​ជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន​

12. គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​

13. យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​

14. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នក​រាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី‍​ជន​រួម​ជាតិ​របស់​ខ្លួន​ដូច​ដែល​ក្រុមជំនុំ​ទាំង​នោះ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​

15. ពួកគេ​បាន​សម្លាប់​ព្រះអម្ចាស់​យេស៊ូ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​បៀតបៀន​យើង​ទៀត​ផង។​ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ទេ​ ហើយ​ទាស់​នឹង​មនុស្ស​ទាំង​អស់​

16. ពួកគេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃ​ទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ ពួកគេ​ធ្វើ​ដូច្នេះ​ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​នៅ​ទីបំផុត​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។​

17. រីឯ‍​យើង​វិញ​ បងប្អូន​អើយ!​ ទោះបី​យើង​ឃ្លាត​ពី​អ្នក​រាល់គ្នា​មួយ​រយៈ​មែន​ ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​ មិន​បាន​ឃ្លាត​ចិត្ត​ទេ​ ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​សង្វាត​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​

18. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចង់​មក​ឯ​អ្នក​រាល់គ្នា​ណាស់​ ខ្ញុំ​ប៉ូល​ចង់​មក​ឯ​អ្នក​រាល់គ្នា​មួយ​លើក​ពីរ​លើក​ហើយ​ តែ​អារក្ស​សាតាំង​បាន​រារាំង​យើង​

19. ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​

20. ព្រោះ​អ្នក​រាល់គ្នា​ជា​សិរី​រុងរឿង​ និង​ជា​អំណរ​របស់​យើង​មែន‍។​