គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 2:1-9 Khmer Christian Bible (KCB)

1. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ការ​ដែល​យើង​មក​ឯ​អ្នក​រាល់គ្នា​នេះ​ មិន​មែន​ឥត​ប្រយោជន៍​ទេ​

2. គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ក្រោយ​ពេល​ដែល​យើង​រងទុក្ខ​លំបាក​ និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីព​រួច​មក​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ដើម្បី​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះអង្គ​ ទោះបី​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ‍។​

3. ដ្បិត​សេចក្ដី​ទូន្មាន​របស់​យើង​មិន​មែន​មក​ពី​សេចក្ដី​បោកប្រាស់​ សេចក្ដី​ស្មោកគ្រោក​ ឬ​ល្បិចកល​ឡើយ​

4. ផ្ទុយ​ទៅ​វិញ​ ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ផ្ទុក​ផ្ដាក់​ដំណឹង​ល្អ​ឲ្យ​យើង​ប្រកាស​យ៉ាង​ណា​ យើង​ក៏​ប្រកាស​យ៉ាង​នោះ​ គឺ​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ​ គឺ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ដែល​ពិសោធ​ចិត្ដ​របស់​យើង‍​សព្វ​ព្រះហឫទ័យ​វិញ។​

5. អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ ឬ​មាន​ពុត​ដោយ​ព្រោះ​សេចក្ដី​លោភលន់​ឡើយ​ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​

6. ហើយ​យើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ ទោះបី​ពី​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​ដទៃ​ក្ដី។​

7. យើង​អាច​អាង​សិទ្ធិ​អំណាច​ដែល​ជា​សាវក​របស់‍​ព្រះគ្រិស្ដ​ក៏​បាន​ដែរ​ ប៉ុន្ដែ​យើង​ប្រព្រឹត្ដ​ស្លូតបូត​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។​

8. យើង​ស្រឡាញ់​អ្នក​រាល់គ្នា​ខ្លាំង​ណាស់​ បាន​ជា​យើង​មិន​ត្រឹម​តែ​ពេញ​ចិត្ដ​ប្រគល់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង​ ព្រោះ​អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង។​

9. បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ពិត​ជា​នៅ​ចាំ​អំពី​ការ​លំបាក​ និង​ការ​នឿយ​ហត់​របស់​យើង​មិន​ខាន​ គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​ យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ។​

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 2