គម្ពីរសញ្ញាថ្មី

លូកា 24:8-22 Khmer Christian Bible (KCB)

8. ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​

9. ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ​ ពួកគេ​បាន​ប្រាប់​ហេតុការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ ព្រមទាំង​អ្នក​ផ្សេងៗ​ទៀត។​

10. ពួក​ស្ដ្រី​ដែល​បាន​ប្រាប់​ហេតុការណ៍​ទាំង​នោះ​ដល់​ពួក​សាវក​ មាន​នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​ នាង​យ៉ូអាណាន់​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ ព្រមទាំង​ស្ដ្រី​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​ពួកគេ។​

11. ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​ជឿ​ពួក​នាង​ទេ​ ដ្បិត​ពាក្យ​សំដី​របស់​ពួក​នាង​ដូចជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។​

12. លោក​ពេត្រុស​បាន​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ​ និង​បាន​អោន​មើល​ ក៏​ឃើញ​តែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ​ រួច​គាត់​ក៏​ចាក​ចេញ​មក​វិញ​ដោយ​ងឿង​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង។​

13. ហើយ​មើល៍​ នៅ​ថ្ងៃ​ដដែល​នោះ​ មាន​ពីរ​នាក់​ក្នុង​ចំណោមពួក​សិស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​ភូមិ​អេម៉ោស​ ដែល​មាន​ចម្ងាយ​ប្រហែល​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​

14. ហើយ​ពួកគេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​

15. ហើយ​ពេល​ពួកគេ​កំពុង​ជជែក​គ្នា​ ព្រះយេស៊ូ​ក៏​យាង​មក​ជិត​ធ្វើ​ដំណើរ​ជាមួយ​ពួកគេ​ដែរ​

16. តែ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​ខ្ទប់​មិន​ឲ្យ​ស្គាល់​ព្រះអង្គ​ទេ។​

17. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​អ្នក​កំពុង​ដើរ​បណ្ដើរ​ និយាយ​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី?»​ ពួកគេ​ក៏​ឈរ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​

18. ម្នាក់​ឈ្មោះ​ក្លេប៉ាស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «តើ​មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ​ឬ​ ដែល​នៅ​ក្រុង​យេរូសាឡិម​ ហើយ​មិន​ដឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ប៉ុន្មាន​ថ្ងៃ​នេះ?»​

19. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រឿង​អ្វី​ទៅ?»​ ពួកគេ​ទូល​តប​ថា៖​ «គឺ​អំពី​លោក​យេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដ៏​មាន​អំណាច​ទាំង​នៅ​ក្នុង​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ប្រជាជន​ទាំងអស់​

20. ប៉ុន្ដែ​យ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ គឺ​ពួកគេ​បាន​ឆ្កាង​លោក​

21. ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​

22. មាន​ពួក​ស្ដ្រីខ្លះ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​

សូមអានជំពូកពេញលេញ លូកា 24