7. គឺមានបន្ទូលថា កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប រួចត្រូវគេឆ្កាង ប៉ុន្ដែនៅថ្ងៃទីបីនឹងរស់ឡើងវិញ»។
8. ពួកគេក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអង្គ
9. ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។
10. ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។
11. ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។
12. លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។
13. ហើយមើល៍ នៅថ្ងៃដដែលនោះ មានពីរនាក់ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែលដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម
14. ហើយពួកគេនិយាយគ្នាអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង
15. ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ
16. តែភ្នែករបស់ពួកគេត្រូវបានខ្ទប់មិនឲ្យស្គាល់ព្រះអង្គទេ។
17. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើពួកអ្នកកំពុងដើរបណ្ដើរ និយាយគ្នាបណ្ដើរអំពីរឿងអ្វី?» ពួកគេក៏ឈរទាំងទឹកមុខស្រងូតស្រងាត់
18. ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?»
19. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើរឿងអ្វីទៅ?» ពួកគេទូលតបថា៖ «គឺអំពីលោកយេស៊ូ ជាអ្នកក្រុងណាសារ៉ែត លោកជាអ្នកនាំព្រះបន្ទូលម្នាក់ដ៏មានអំណាចទាំងនៅក្នុងពាក្យសំដី និងការប្រព្រឹត្ដិនៅចំពោះព្រះជាម្ចាស់ និងប្រជាជនទាំងអស់
20. ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក
21. ហើយយើងសង្ឃឹមថា លោកជាព្រះមួយអង្គដែលនឹងសង្គ្រោះអ៊ីស្រាអែល ប៉ុន្ដែលើសពីនេះទៅទៀត នេះជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។