34. និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។
35. ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។
36. ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្ដាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»
37. ពួកគេក៏ខ្លាចញ័ររន្ធត់ ព្រោះពួកគេគិតថាជួបខ្មោច។
38. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាច្របូកច្របល់ដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តសង្ស័យដូច្នេះ?
39. ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាជាខ្ញុំ ហើយចូរមើល និងពាល់ខ្ញុំចុះ ព្រោះខ្មោចគ្មានសាច់គ្មានឆ្អឹងដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។
40. កាលព្រះអង្គមានបន្ទូលដូច្នេះហើយ ក៏បង្ហាញព្រះហស្ត និងបាទាឲ្យពួកគេឃើញ។
41. ប៉ុន្ដែដោយសេចក្ដីអំណរ និងការងឿងឆ្ងល់ ពួកគេនៅតែមិនទាន់ជឿ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមានអាហារនៅទីនេះដែរឬទេ?»
42. ពួកគេក៏ឲ្យត្រីអាំងមួយដុំដល់ព្រះអង្គ
43. ហើយព្រះអង្គក៏យកមកបរិភោគនៅចំពោះមុខពួកគេ
44. រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។
45. បន្ទាប់មកព្រះអង្គក៏បើកគំនិតរបស់ពួកគេឲ្យយល់បទគម្ពីរទាំងនោះ