គម្ពីរសញ្ញាថ្មី

លូកា 24:30-42 Khmer Christian Bible (KCB)

30. កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​

31. ពេល​នោះ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើក​ឡើង​ ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។​

32. ពួកគេ​បាន​និយាយ​គ្នា​ថា៖​ «តើ​ចិត្ដ​របស់​យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​ កាល​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​យើង​នៅ​តាម​ផ្លូវ​ គឺ​នៅ​ពេល​ព្រះអង្គ​បក​ស្រាយ​បទគម្ពីរ​ប្រាប់​យើង?»​

33. ពេល​នោះ​ពួកគេ​ក្រោក​ឡើង​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់​មួយ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​កំពុង​ជួបជុំ​គ្នា​

34. និយាយ​ថា៖​ «ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន​ គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​

35. ពួកគេ​ក៏​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​នៅ​តាម​ផ្លូវ​ និង​ពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។​

36. ពេល​ពួកគេ​កំពុង​ប្រាប់អំពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សូម​អ្នក​រាល់គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ»​

37. ពួកគេ​ក៏​ខ្លាច​ញ័ររន្ធត់​ ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។​

38. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ច្របូក​ច្របល់​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ត​សង្ស័យ​ដូច្នេះ?​

39. ចូរ​មើល​ដៃ​ និង​ជើង​របស់​ខ្ញុំ​ចុះ​ ថា​ជា​ខ្ញុំ​ ហើយ​ចូរ​មើល​ និង​ពាល់​ខ្ញុំ​ចុះ​ ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូចជា​អ្នក​រាល់គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។​

40. កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ក៏​បង្ហាញ​ព្រះហស្ត​ និង​បាទា​ឲ្យ​ពួកគេ​ឃើញ។​

41. ប៉ុន្ដែ​ដោយ​សេចក្ដី​អំណរ​ និង​ការ​ងឿង​ឆ្ងល់​ ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ?»​

42. ពួកគេ​ក៏​ឲ្យ​ត្រី​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ​

សូមអានជំពូកពេញលេញ លូកា 24