30. កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ
31. ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។
32. ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
33. ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា
34. និយាយថា៖ «ព្រះអម្ចាស់បានរស់ឡើងវិញពិតមែន គឺព្រះអង្គបានលេចមកឲ្យលោកស៊ីម៉ូនឃើញ»។
35. ពួកគេក៏ពន្យល់ប្រាប់ពីហេតុការណ៍នៅតាមផ្លូវ និងពីរបៀបដែលពួកគេស្គាល់ព្រះអង្គនៅពេលកាច់នំប៉័ង។
36. ពេលពួកគេកំពុងប្រាប់អំពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ឈរនៅកណ្ដាលចំណោមពួកគេ និងមានបន្ទូលទៅពួកគេថា៖ «សូមអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»
37. ពួកគេក៏ខ្លាចញ័ររន្ធត់ ព្រោះពួកគេគិតថាជួបខ្មោច។