គម្ពីរសញ្ញាថ្មី

លូកា 24:20-39 Khmer Christian Bible (KCB)

20. ប៉ុន្ដែ​យ៉ាង​ដូចម្ដេច​បាន​ជា​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​អាជ្ញាធរ​របស់​យើង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ គឺ​ពួកគេ​បាន​ឆ្កាង​លោក​

21. ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​

22. មាន​ពួក​ស្ដ្រីខ្លះ​នៅ​ក្នុង​ចំណោម​យើង​បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ដែរ​ គឺ​កាល​ពួកគេ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម​

23. មិន​បាន​ឃើញ​សព​លោក​ទេ​ ពួកគេ​បាន​មក​ប្រាប់​ទៀត​ថា​ បាន​ឃើញ​ពួក​ទេវតា​លេច​មក​ប្រាប់​ថា​ លោក​នៅរស់​ទេ។​

24. មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​យើង​បាន​ចេញ​ដំណើរ​ទៅ​ឯ​ផ្នូរ​ ហើយ​ក៏​ឃើញ​ដូចជា​ស្ដ្រី​ទាំង​នោះ​និយាយ​មែន​ គឺ​ពួកគេ​មិន​បាន​ឃើញ​លោក​ទេ»។​

25. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​មនុស្ស​ល្ងីល្ងើ​ និង​មាន​ចិត្ត​មិន​ងាយ​ជឿ​អស់​ទាំង​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​អើយ!​

26. តើ​ព្រះគ្រិស្ដ​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ​ ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ?»​

27. រួច​ព្រះអង្គ​ក៏​ពន្យល់​ប្រាប់​ពួកគេ​គ្រប់​សេចក្ដី​ដែល​បាន​ចែង​អំពី​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​ទាំង​អស់​ ចាប់​ផ្ដើម​ពី​គម្ពីរ​ម៉ូសេ​រហូត​ដល់​គម្ពីរ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល។​

28. កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​

29. ប៉ុន្ដែ​ពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា៖​ «សូម​ស្នាក់​នៅ​ជាមួយ​យើង​សិន​ ព្រោះ​ល្ងាច​ណាស់​ហើយ»​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ។​

30. កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​

31. ពេល​នោះ​ភ្នែក​របស់​ពួកគេ​ត្រូវ​បាន​បើក​ឡើង​ ហើយ​ពួកគេ​ក៏​ស្គាល់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ក៏​បាត់​ពី​មុខ​ពួកគេ​ទៅ។​

32. ពួកគេ​បាន​និយាយ​គ្នា​ថា៖​ «តើ​ចិត្ដ​របស់​យើង​មិន​បាន​ឆេះឆួល​ទេ​ឬ​ កាល​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​យើង​នៅ​តាម​ផ្លូវ​ គឺ​នៅ​ពេល​ព្រះអង្គ​បក​ស្រាយ​បទគម្ពីរ​ប្រាប់​យើង?»​

33. ពេល​នោះ​ពួកគេ​ក្រោក​ឡើង​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ហើយ​ពួកគេ​បាន​ឃើញ​សាវក​ទាំង​ដប់​មួយ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ពួកគេ​កំពុង​ជួបជុំ​គ្នា​

34. និយាយ​ថា៖​ «ព្រះអម្ចាស់​បាន​រស់​ឡើង​វិញ​ពិត​មែន​ គឺ​ព្រះអង្គ​បាន​លេច​មក​ឲ្យ​លោក​ស៊ីម៉ូន​ឃើញ»។​

35. ពួកគេ​ក៏​ពន្យល់​ប្រាប់​ពី​ហេតុការណ៍​នៅ​តាម​ផ្លូវ​ និង​ពី​របៀប​ដែល​ពួកគេ​ស្គាល់​ព្រះអង្គ​នៅ​ពេល​កាច់​នំប៉័ង។​

36. ពេល​ពួកគេ​កំពុង​ប្រាប់អំពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សូម​អ្នក​រាល់គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ»​

37. ពួកគេ​ក៏​ខ្លាច​ញ័ររន្ធត់​ ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។​

38. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ច្របូក​ច្របល់​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មាន​ចិត្ត​សង្ស័យ​ដូច្នេះ?​

39. ចូរ​មើល​ដៃ​ និង​ជើង​របស់​ខ្ញុំ​ចុះ​ ថា​ជា​ខ្ញុំ​ ហើយ​ចូរ​មើល​ និង​ពាល់​ខ្ញុំ​ចុះ​ ព្រោះ​ខ្មោច​គ្មាន​សាច់​គ្មាន​ឆ្អឹង​ដូចជា​អ្នក​រាល់គ្នា​ឃើញ​ខ្ញុំ​នេះ​ទេ»។​

សូមអានជំពូកពេញលេញ លូកា 24