គម្ពីរសញ្ញាថ្មី

លូកា 24:1-10 Khmer Christian Bible (KCB)

1. នៅ​ព្រឹក​ព្រលឹម​នាថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ ពួកគេ​ក៏​នាំ​យក​គ្រឿង​ក្រអូប​ដែល​ពួកគេ​បាន​រៀបចំ​មក​ឯ​ផ្នូរ​

2. ពួកគេ​បាន​ឃើញ​ថ្ម​ត្រូវ​បាន​ប្រមៀល​ចេញ​ពី​ផ្នូរ​

3. ពេល​ពួកគេ​ចូល​ទៅ​ មិន​បាន​ឃើញ​សព​ព្រះអម្ចាស់​យេស៊ូ​ទេ​

4. ហើយ​កាល​ពួកគេ​កំពុង​នឹក​ឆ្ងល់​ពី​ហេតុការណ៍​នេះ​ មើល៍​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែងចាំង​បាន​ឈរ​ក្បែរ​ពួកគេ។​

5. ពួកគេ​ក៏​ប្រែ​ជា​ភ័យខ្លាច​ ហើយ​ក្រាប​មុខ​ដល់​ដី​ ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?​

6. ដ្បិត​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទីនេះ​ទេ!​ ចូរ​ចាំ​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច​ កាល​នៅ​ស្រុក​កាលីឡេ​

7. គឺ​មាន​បន្ទូល​ថា​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​ រួច​ត្រូវ​គេ​ឆ្កាង​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​បី​នឹង​រស់​ឡើង​វិញ»។​

8. ពួកគេ​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​

9. ហើយ​ពេល​ត្រលប់​ពី​ផ្នូរ​មក​វិញ​ ពួកគេ​បាន​ប្រាប់​ហេតុការណ៍​ទាំង​អស់​នេះ​ដល់​សាវក​ទាំង​ដប់​មួយ​ ព្រមទាំង​អ្នក​ផ្សេងៗ​ទៀត។​

10. ពួក​ស្ដ្រី​ដែល​បាន​ប្រាប់​ហេតុការណ៍​ទាំង​នោះ​ដល់​ពួក​សាវក​ មាន​នាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​ នាង​យ៉ូអាណាន់​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ ព្រមទាំង​ស្ដ្រី​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​ពួកគេ។​

សូមអានជំពូកពេញលេញ លូកា 24