គម្ពីរសញ្ញាថ្មី

លូកា 23:5-16 Khmer Christian Bible (KCB)

5. ប៉ុន្ដែ​ពួកគេ​និយាយ​ទទូច​ថា៖​ «គាត់​ញុះញង់​ប្រជាជន​ ទាំង​បង្រៀន​ពាសពេញ​ស្រុក​យូដា​ទាំង​មូល​ គឺ​ចាប់​ពី​ស្រុក​កាលីឡេ​រហូត​មក​ដល់​ទីនេះ»។​

6. ពេល​លោក​ពីឡាត់​ឮ​ដូច្នេះ​ ក៏​សាក​សួរ​ថា​ បុរស​ម្នាក់​នេះ​ជាអ្នក​ស្រុក​កាលីឡេ​មែន​ដែរ​ឬ​អត់​

7. កាល​ដឹង​ថា​ ព្រះអង្គ​ស្ថិត​ក្នុង​សិទ្ធិ​អំណាច​របស់​ស្ដេច​ហេរ៉ូឌ​ លោក​ពីឡាត់​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​ ដ្បិត​នៅ​ថ្ងៃ​នោះ​ស្ដេច​ក៏​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ​

8. ពេល​ស្ដេច​ជួប​ព្រះយេស៊ូ​ ក៏​ត្រេកអរ​ជា​ពន់ពេក​ ព្រោះ​ស្ដេច​បាន​ឮ​អំពី​ព្រះអង្គ​ និង​ចង់​ជួប​ព្រះអង្គ​ជា​យូរ​មក​ហើយ​ ស្ដេច​សង្ឃឹម​ថា​នឹង​ឃើញ​ព្រះអង្គ​សំដែង​ទីសំគាល់​អស្ចារ្យ​ណា​មួយ។​

9. ស្ដេច​ក៏​សួរ​ព្រះអង្គ​ជា​ច្រើន​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

10. ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ក៏​ក្រោក​ឈរ​ចោទ​ប្រកាន់​ព្រះអង្គ​យ៉ាង​ធ្ងន់ៗ។​

11. កាល​ស្ដេច​ហេរ៉ូឌ​ និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើលងាយ​ព្រះអង្គ​រួច​ ក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យ​ព្រះអង្គ​ ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។​

12. នៅ​ថ្ងៃ​នោះ​ លោក​ពីឡាត់​ និង​ស្ដេច​ហេរ៉ូឌ​ ទាំង​ពីរ​នាក់​បាន​ត្រលប់​ជា​មិត្ដ​សម្លាញ់​នឹង​គ្នា​ ដ្បិត​កាល​ពីមុន​ជា​សត្រូវ​នឹង​គ្នា។​

13. កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ​ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​

14. ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​បាន​នាំ​បុរស​ម្នាក់​នេះ​មក​ឲ្យ​ខ្ញុំ​ ដោយ​ចោទ​ថា​ជា​អ្នក​ញុះញង់​ប្រជាជន​ ប៉ុន្ដែ ​មើល៍​ នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​សាក​សួរ​គាត់​អស់​ហើយ​ ឃើញ​ថា​បុរស​ម្នាក់​នេះ​គ្មាន​ទោស​ដូច​ដែល​អ្នក​រាល់គ្នា​ចោទ​ប្រកាន់​សោះ។​

15. ស្ដេច​ហេរ៉ូឌ​ក៏​ដូចគ្នា​ដែរ​ ដ្បិត​ស្ដេច​បាន​បញ្ជូន​បុរស​នេះ​មក​ឲ្យ​យើង​វិញ​ ហើយ​មើល៍​ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់​សោះ​

16. ដូច្នេះ​ពេល​ដាក់​ទណ្ឌកម្ម​គាត់​ហើយ​ ខ្ញុំ​នឹង​ដោះ​លែង​គាត់»​

សូមអានជំពូកពេញលេញ លូកា 23