គម្ពីរសញ្ញាថ្មី

លូកា 23:40-52 Khmer Christian Bible (KCB)

40. ប៉ុន្ដែ​ម្នាក់​ទៀត​បន្ទោស​ម្នាក់​នោះ​ថា៖​ «តើ​ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ​ ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូចគ្នា?​

41. សម្រាប់​យើង​យុត្ដិធម៌​ហើយ​ ដ្បិត​យើង​ទទួល​ទោស​សម​នឹង​អ្វី​ដែល​យើង​បាន​ប្រព្រឹត្ដ​ ប៉ុន្ដែ​ម្នាក់​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។​

42. រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​

43. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​

44. ប្រហែល​ជា​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​

45. ដួងអាទិត្យ​បាន​បាត់​រស្មី​ ហើយ​វាំង​នន​នៅ​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ​

46. ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ព្រះវរបិតា​អើយ!​ ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ​ទៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​វិញ»​ ពេល​មាន​បន្ទូល​បែប​នេះ​ហើយ​ ព្រះអង្គ​ផុតដង្ហើម​ទៅ។​

47. កាល​នាយ​ទាហាន​ម្នាក់​បាន​ឃើញ​ហេតុការណ៍​ដែល​កើត​ឡើង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «បុរស​នេះ​ជា​មនុស្ស​សុចរិត​មែន»​

48. រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ជួបជុំ​គ្នា​មើល​ហេតុការណ៍​នេះ​ កាល​បាន​សង្កេត​ឃើញ​ហេតុការណ៍​ដែល​បានកើត​ឡើង​ ក៏​ត្រលប់​ទៅ​វិញ​ទាំង​គក់​ទ្រូង។​

49. ពួក​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ទាំង​អស់​ និង​ពួក​ស្ដ្រី​ដែល​បាន​ដើរ​តាម​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​មក​បាន​ឈរ​មើល​ហេតុការណ៍​ទាំង​នេះ​ពី​ចម្ងាយ។​

50. មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​កំពូល​ និង​ជា​មនុស្ស​ល្អ​ ហើយ​សុចរិត។​

51. គាត់​មិន​បាន​យល់​ស្រប​ជាមួយ​ផែនការ​ និង​អំពើ​របស់​ពួកគេ​នេះ​ទេ។​ គាត់​មក​ពី​ក្រុង​អើរីម៉ាថេ​ ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា​ គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជាម្ចាស់​

52. គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ។​

សូមអានជំពូកពេញលេញ លូកា 23